អាហ្សង់ទីនបារម្ភ Di Maria មិនអាចទៅលេងនៅ World Cup
ក្រុមជម្រើសជាតិអាហ្សង់ទីនកំពុងបារម្ភមុនព្រឹត្តិការណ៍ World Cup មកដល់ ដោយសារតែខ្សែបម្រើប្រយុទ្ធ Angel Dimaria មានបញ្ហារបួសសរសៃពួរ។
កីឡាករវ័យ៣៤ឆ្នាំបានបង្ខំចិត្តប្ដូរចេញពីទីលាន ពេលដែល Juventus ប្រកួតចាញ់ Maccabi Haifa ២-០ ក្នុងក្របខណ្ឌ Champions League។ ត្បិតតែមានវ័យជ្រេបន្តតែ Di Maria នៅតែបង្ហាញទម្រង់លេងល្អដដែល ដោយ Assist បាន៣គ្រាប់ក្នុងការលេង៤ប្រកួតនៅ UCL រដូវកាលនេះ។
គេក៏ជាកីឡាករនាំលេងដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន ហើយក៏ជាអ្នករកគ្រាប់បាល់ជ័យជម្នះក្នុងពាន Copa America កាលពីឆ្នាំមុនវគ្គផ្ដាច់ព្រ័ត្រលើក្រុមប្រេស៊ីលផងដែរ។ ប៉ុន្តែរបួសសរសៃពួរមានន័យថា Di Maria អាចនឹងខកខានទៅលេង World Cup ប្រសិនបើមិនជាទាន់ពេល។
ប្រភពពី The Sun បញ្ជាក់ថា អតីតកីឡាកររបស់ PSG ខាងលើត្រូវសម្រាកច្រើនសប្ដាហ៍។ នេះជាបញ្ហាថ្មីមួយទៀតសម្រាប់អាហ្សង់ទីន បន្ទាប់ពីកីឡាករល្អ Paulo Dybala បានរងរបួសដូចគ្នា អំឡុងពេល Roma ប្រកួតជាមួយ Lecce៕