Barca ប្រឈមធ្លាក់ទៅ Europa League ក្រោយលេងស្មើគ្នាជាមួយ Inter
Barcelona កំពុងប្រឈមធ្លាក់ទៅកាន់ពានរង្វាន់ Europa League ក្រោយប្រកួតស្មើគ្នា ៣-៣ ជាមួយ Inter Milan ក្នុងក្របខណ្ឌ Champions League កាលពីយប់មិញ។
ក្នុងការប្រកួតទី៤នៃវគ្គសន្សំពិន្ទុក្នុងពូល C រវាង Barca និង Inter កើតមានគ្រាប់បាល់ដល់ទៅ៦គ្រាប់ឯណោះ។ ក្រុមម្ចាស់ផ្ទះ Barca ជាអ្នករកបានគ្រាប់នាំមុខសម្រេចទីដោយខ្សែបម្រើប្រយុទ្ធ Dembele មុនពេល Barella និង Martinez ទាត់បញ្ចូលទីម្នាក់មួយគ្រាប់ជួយ Inter នាំមុខវិញម្ដង ២-១។
ខ្សែប្រយុទ្ធ Robert Lewandowski បានព្យាយាមរកបានគ្រាប់តាមស្មើ មុនពេល Inter នាំមុខ ៣-២ ជាថ្មីរកគ្រាប់បាល់ដោយកីឡាករ Gosens។ ការប្រកួតឈានដល់នាទី៩០+២ ទៅហើយ Lewandowski ធ្វើបានគ្រាប់ទីពីររបស់ខ្លួនក្នុងការប្រកួតនេះជួយក្រុមលោក Xavi តាមស្មើ ៣-៣។
យ៉ាងណា លទ្ធផលស្មើបែបនេះបានជះផលអាក្រក់មែនទែនដល់ Barcelona។ មានន័យថា ប្រសិនបើប្រកួតទី៥ Inter ប្រកួតឈ្នះក្រុម Viktoria Plzen ដែលនៅពូល C ជាមួយគ្នា នោះ Barca នឹងធ្លាក់ទៅលេងនៅពានរង្វាន់ Europa League តែម្ដង៕