លោក Felix Dalmas អតីតគ្រូជម្រើសជាតិកម្ពុជា ទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងកីឡាពីវិទ្យា ស្ថាន Johan Cruyff
អតីតគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា លោក Felix Dalmas ជនជាតិអាហ្សង់ទីន បានបញ្ជាក់លើគណនីហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២ ថាលោកទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងកីឡាពីវិទ្យាស្ថាន Johan Cruyff នៅទីក្រុង Barcelona នៃប្រទេសអេស្ប៉ាញ។
ក្រោយទទួលបានសញ្ញាប័ត្រ បុរសវ័យ៣៤ឆ្នាំរូបនេះបានលើកឡើងថា៖«សូមធ្វើការរួមគ្នា ឆ្ពោះទៅមុខ ក្នុងពិភពកីឡា។ បន្តរីកប្រឹងប្រែងនិងរីកចម្រើនទាំងអស់គ្នា»។
គួរដឹងថាលោកគ្រូ Felix Dalmas ធ្លាប់ដឹកនាំក្រុមជម្រើសជាតិកម្ពុជាចាប់តាំងពីឆ្នាំ២០១៨ ហើយអ្វីដែលអ្នកគាំទ្រកម្ពុជាចងចាំមិនភ្លេចនោះគឺ លោកបានឈរដឹកនាំកូនក្រុមទាំងមានបញ្ហារបួសជើងមិនទាន់វះកាត់ និងជួយក្រុមកម្ពុជាបំបែកប្រវត្តិសាស្រ្តឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ Sea Games ២០១៩ នៅប្រទេសហ្វីលីពីន។
ប៉ុន្តែកិច្ចសន្យារបស់លោក Felix Dalmas បានផុតកាលពីខែសីហា ឆ្នាំ២០២០ ហើយក្រោយមកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានតែងតាំងលោក Ryu Hiros គ្រូបង្វឹកជនជាតិជប៉ុន ជំនួសវិញសម្រាប់ដឹកនាំក្រុមជម្រើសជាតិកម្ពុជា។ ក្រោយចាកចេញពីដឹកនាំក្រុមជម្រើសជាតិកម្ពុជា លោក Felix Dalmas មិនទាន់មានចូលរួមដឹកនាំក្រុមណាមួយផ្សេងឡើយ អាចថាលោកសំងំសិក្សា រហូតចេញលទ្ធផលជាផ្លែផ្កា នៅពេលនេះតែម្តង។
គេនៅចាំថាលោក Felix G. Dalmas ធ្លាប់បានឆ្លើយតបទៅកាន់អ្នកសារព័ត៌មាននិងអ្នកគាំទ្រមួយចំនួន ដោយគ្រាមួយលោក មិនបានការកោះហៅកីឡាករឆ្នើមៗមួយចំនួនចូលក្នុងក្រុមជម្រើសជាតិកម្ពុជា មុនការប្រកួតអន្តរជាតិមកដល់ ដោយលោកនិយាយពាក្យមួយមាត់ថា៖«ទង់ជាតិរបស់អ្នក មានតម្លៃខ្ពស់ជាង Idol របស់អ្នក»។
ដោយឡែកវិទ្យាស្ថាន Johan Cruyff ដែលមានមូលដ្ឋាននៅទីក្រុង Barcelona ប្រទេសអេស៉្បាញ គឺជាស្ថាប័នអប់រំមួយដែលបង្កើតឡើងដោយកីឡាករបាល់ទាត់សញ្ជាតិហូឡង់ Johan Cruyff ក្នុងគោលបំណងអប់រំអត្តពលិក កីឡា និងអ្នកជំនាញអាជីវកម្មក្នុងវិស័យគ្រប់គ្រងកីឡា៕