Celtic គឺជាក្រុមទីមួយបានធ្លាក់ចេញពី Champions League
ក្ដីសង្ឃឹមរបស់ក្រុម Celtic ក្នុងពានរង្វាន់ Champions League ត្រូវបានបញ្ចប់ បន្ទាប់ពីពួកគេប្រកួតចាញ់ RB Leipzig ២-០ កាលពីយប់មិញ។
២គ្រាប់ជ័យជម្នះរបស់ RB Leipzig ធ្វើបានដោយខ្សែប្រយុទ្ធ Timo Werner និងកីឡាករបម្រុង Emil Forsberg។ បរាជ័យនេះបានធ្វើឲ្យ Celtic ស្ថិតនៅបាតតារាងពូល F មានតែមួយពិន្ទុគត់ ក្រោយឆ្លងកាត់៤ប្រកួតវគ្គសន្សំពិន្ទុ។
យ៉ាងណាមិញ Celtic នៅសល់ឱកាសប្រជែងយកតំណែងលេខ៣ ដើម្បីមានឱកាសលេងនៅពាន Europa League។ ក្នុងពូល F បច្ចុប្បន្ន Real Madrid កំពុងឈរកំពូលតារាងមាន១០ពិន្ទុ ខណៈ RB Leipzig នៅលេខពីរមាន៦ពិន្ទុ ឯ Shakhta Donetsk នៅលេខបី។ ២ប្រកួតបន្ទាប់របស់ Celtic ត្រូវតទល់ជាមួយ Real Madrid និង Shakhta Donetsk។
ក្រោយបញ្ចប់ការប្រកួតលោក Ange Postecoglou អ្នកចាត់ការរបស់ Celtic បាននិយាយថា ពិតជាខកចិត្តសម្រាប់អ្នកគាំទ្ររបស់ក្លិប និងកីឡាករដូចគ្នា។ លោកមើលឃើញថាក្រុមបានបង្ហាញការខិតខំដើម្បីឈ្នះការប្រកួត ប៉ុន្តែក្នុងកម្រិតប្រកួតបែបនេះប្រសិនបើមិនចេះចាប់យកឱកាសទេ វាពិតជាពិបាកក្នុងការបំប្លែងវាទៅជាលទ្ធផលណាស់៕