Man City និង Real ជាពីរក្រុមដំបូងបានឡើងវគ្គ១៦ក្រុមចុងក្រោយ UCL
ការប្រកួតក្របខណ្ឌ Champions League រកឃើញពីរក្រុមដំបូងបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយហើយនោះគឺ Manchester City និង Real Madrid ក្រោយលេងបាន៤ប្រកួតក្នុងវគ្គសន្សំពិន្ទុ។
ក្នុងការប្រកួតកាលពីយប់មិញ Real Madrid បានប្រកួតស្មើគ្នាជាមួយ Shakhtar Donetsk ១-១។ ខ្សែបម្រើ Oleksandr Zubkov ជាអ្នករកគ្រាប់នាំមុខឲ្យShakhtar នាទី៤៦ ប៉ុន្តែការប្រកួតឈានដល់នាទី៩០+៥ទៅហើយ ខ្សែការពារ Rudiger រកបានគ្រាប់តាមស្មើឲ្យ Madrid វិញ។ ទទួលបានមួយពិន្ទុបន្ថែមនេះគ្រប់គ្រាន់ឲ្យ Madrid ឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ និងបន្តឈរកំពូលតារាងពូល F។
Man City ក៏បានឱកាសឡើងទៅកាន់វគ្គបន្តដូចគ្នា ក្រោយប្រកួតស្មើគ្នាជាមួយ Copehagen ០-០។ City មានឱកាសរកបានគ្រាប់ជ័យជម្នះ ប៉ុន្តែខ្សែបម្រើប្រយុទ្ធ Riyad Mahrez ទាត់ប៉េណាល់ទីមិនចូលនៅនាទីទី២៥។ ត្បិតស្មើបែបនេះក្ដី តែក្រុមលោក Pep Guardiola នៅតែបានឡើងទៅកាន់វគ្គ១៦ក្រុម បន្ទាប់ពី Sevilla មិនអាចយកឈ្នះ Borussia Dortmund សម្រាប់ការប្រកួតក្នុងពូល G៕