ប្រទេសថៃ គ្រោងរៀបចំទទួលធ្វើជាម្ចាស់ផ្ទះពានរង្វាន់ AFC Futsal Asian Cup ឆ្នាំ 2024
បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ហ្វូតសាលជើងឯកប្រចាំទ្វីបអាស៊ី 2022 AFC Futsal Asian Cup នៅប្រទេសគុយវែត ពេលនេះសមាគមបាល់ទាត់នៃប្រទេសថៃ (FAT) គ្រោងនឹងស្នើសុំទៅអាជ្ញាធរកីឡានៃប្រទេសថៃ សម្រាប់លទ្ធភាពនៃការធ្វើជាម្ចាស់ផ្ទះការប្រកួតបន្ទាប់នៃពានរង្វាន់ AFC Futsal Asian Cup នៅឆ្នាំ 2024។
លោក Adisak Benjasiriwan អនុប្រធានសមាគមកីឡាបាល់ទាត់ថៃ និងជាប្រធានក្រុម Futsal និង Beach Soccer របស់ប្រទេសថៃបានចែករំលែកថា លោកគ្រោងនឹងបន្តសំណើរក្នុងការអនុញ្ញាតឱ្យប្រទេសថៃធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ AFC Futsal Asian Cup 2024 នាពេលខាងមុខ។
ប្រទេសថៃធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតពានរង្វាន់ AFC Futsal Asian Cup ចំនួនពីរលើកក្នុងឆ្នាំ ២០០០ និង ២០០៨។ ខណ:ឆ្នាំ ២០២២ រៀបចំនៅប្រទេសគុយវែត ថៃទទួលបានចំណាត់ថ្នាក់លេខ៤ អ៊ូបេគីស្ថានលេខ៣ អ៊ីរ៉ង់លេខ២ និងម្ចាស់ជើងឯកសាំម៉ូរ៉ៃជប៉ុន។
គួរដឹងថាពានរង្វាន់ AFC Futsal Cup នេះរៀបចំឡើងតាំងពីឆ្នាំ ១៩៩៩ មកដោយដំបូងរៀបចំរាល់១ឆ្នាំម្តង តែក្រោយមកប្តូរជារៀបចំរាល់២ឆ្នាំម្តងវិញ ខណៈក្រុមអ៊ីរ៉ង់ ឈ្នះជើងឯកច្រើនជាងគេ រហូតដល់១២លើក ហើយជប៉ុនឈ្នះបាន៤លើក៕