នុះ! Dybala អាចនឹងមិនបានហោះទៅជាមួយអាហ្សង់ទីនលេងពាន World Cup
ខ្សែបម្រើប្រយុទ្ធ Paulo Dybala អាចនឹងមិនបានលេងនៅព្រឹត្តិការណ៍ World Cup 2022 បន្ទាប់ពីទទួលរងរបួសធ្ងន់ធ្ងរក្នុងជំនួប Romas ឈ្នះ ២-១ លើ Lecce កាលពីថ្ងៃអាទិត្យ។
Dybala ត្រូវបានប្ដូរចេញ បន្ទាប់ពីរកបានគ្រាប់បាល់ជ័យជម្នះពីការទាត់ប៉េណាល់ទីនៅនាទី៤៨ ចាកចេញពីទីលានដោយមានបញ្ហារបួសសាច់ដុំ។ បុគ្គលិកពេទ្យត្រូវបានគេឃើញបានស្អំទឹកកកលើភ្លៅស្ដាំរបស់ Dybala ខណៈលោក Jose Mourinho បាននិយាយថា គេអាចនឹងសម្រាករហូតដល់ដាច់ឆ្នាំនេះ។
ថ្លែងទៅកាន់សារព័ត៌មាន DAZN បន្ទាប់ពី Roma ឈ្នះ Mourinho និយាយថា ស្ថានភាព Dybala ពេលនេះមិនល្អទេ។ លោកមិនមែនជាគ្រូពេទ្យឡើយ តែតាមបទពិសោធន៍ពីអ្វីដែលបានយល់ពីការនិយាយរបស់ Paulo ស្ថានភាពពេលនេះមិនស្រួលទេ។
ក្នុងការប្រកួតខាងលើ ក្រោយទាត់បញ្ចូលទី កីឡាករវ័យ២៨ឆ្នាំមិនបានអបអរគ្រាប់បាល់របស់ខ្លួនឡើយ ដោយបានដើរទៅកន្លែងកៅអីបម្រុង។ បន្ទាបពីប្ដូរចេញ Dybala បានអង្គុយយំលើកៅអីបម្រុងដោយបារម្ភពីបញ្ហារបួសរបស់ខ្លួន។ នេះមានន័យថា ការចូលរួមរបស់ Dybala នៅ World Cup 2022 ក្នុងប្រទេសកាតាកំពុងស្ថិតក្នុងមន្ទិល៕